ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ
យោងតាមអនុក្រឹត្យលេខ ១៦៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីការការប្រែក្លាយពី ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ទៅជា ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) ដែលមានថា្នក់ស្មើអគ្គនាយកដ្ឋាន និងស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ជាអង្គភាពរដ្ឋបាល និងបច្ចេកទេសដែលផ្តល់ការគាំទ្រដល់ ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការបញ្ជាក់លើរាល់សំណើសុំទូទាត់ចំណាយ សេវាសុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និង សេវាវេជ្ជសាស្រ្តនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ។
ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ មានតួនាទី និងភារកិច្ចដូចតទៅ៖
• ពិនិត្យផ្ទៀងផ្ទាត់ និងបញ្ជាក់លើសំណើសុំទូទាត់ចំណាយសេវាសុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និងសេវាវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាល នៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
• វាយតម្លៃផ្ទៀតផ្ទាត់គុណភាពសេវានៃមូលនិធិលើកកម្ពស់គុណភាពសេវាសុខាភិបាល និងគម្រោងលើកកម្ពស់សមធម៌ និងគុណភាពសេវាសុខាភិបាល។